អប្សរាជាភាវៈ អរូបី ពួកគេលេចចេញ មកជាស្ត្រីក្មេង មានរូបសំរស់ស្អាត ដែលមានភាពប៉ិនប្រសប់ ក្នុងសិល្បៈរបាំ។ ពួកគេជាភរិយា របស់ពួក គំធវ៌ ជាមន្ត្រីជាន់ខ្ពស់របស់ ព្រះឥន្ទ្រ។ ពួកអប្សរា រាំតាម
ភ្លេងដែលលេងដោយ
ប្តីរបស់ពួកគេ ជាទូទៅស្ថិត នៅក្នុងរាជវាំងរបស់ ព្រះអាទិទេព ដើម្បីបន្ធូរអារម្មណ៍ របស់ព្រះអាទិទេពនិងពួកវីរបុរស ដែលបាត់បង់ កេរ្តិ៍ឈ្មោះ។ អប្សរា ត្រូវបានគេនិយាយថា អាចប្រែកាយបាន ហើយជាអ្នកកំនត់សំនាងនៅក្នុងល្បែងស៊ីសង។ ឧរ្វសី, មេនកា, រម្ភា និង តិលោត្តម ជាអ្នកល្បីល្បាញបំផុត ក្នុងចំនោមពួកគេ។ អប្សរាម្នាក់ៗនៃអប្សរាទាំង២៦នាក់ ក្នុងរាជវាំងរបស់ព្រះឥន្ទ្រ តំនាងអោយទិដ្ឋភាពផ្សេងៗគ្នានៃការសំដែងសិល្បៈ។ អប្សរាជាប់ទាក់ទងនឹងទឹក និងនឹងពិធីបួងសួងសុំកូនរឺសមត្ថភាពផ្លូវភេទ។ ក្នុងជំនឿហិណ្ឌូ អប្សរាថ្នាក់ទាបបំផុតជួនកាលត្រូវគេចាត់ទុកថា ជាព្រលឹង ដែលអាចអន្ទងមនុស្សប្រុសអោយទៅរកក្តីស្លាប់បាន។
អប្សរាក្នុងអក្សរសាស្ត្របុរាណ
ឫគវេទ
គម្ពីរឫគវេទ បាននិយាយអំពី អប្សរាម្នាក់ ដែលជាភរិយារបស់គំធវ៌ ប៉ុន្តែគម្ពីរឫគវេទ ក៏បានបង្ហាញផងដែរថា អាចមានអប្សរាច្រើនជាងម្នាក់។ អប្សរាដែលមានឈ្មោះជាពិសេសដែលគេស្គាល់គឺ ឧរ្វសី។ អប្សរាផ្សេងទៀតស្ថិតនៅក្នុងសំដីសាសងគ្នារវាង ឧរ្វសី និងគូស្នេហ៍របស់នាង គឺបុរុរវ។ ក្នុងសាស្ត្រាហិណ្ឌូផ្សេងទៀត បាននិយាយអំពីអប្សរាជាច្រើន ដែលដើរតួនាទីជាស្រីបំរើរបស់ព្រះឥន្ទ្រ រឺក៏ជាស្រីរបាំនៅក្នុងរាជវាំងរបស់គាត់។
មហាភារត
ក្នុងរឿងជាច្រើនទាក់ទងគ្នាក្នុងមហាភារត អប្សរាមាននៅក្នុងតួនាទីជំនួយការសំខាន់ៗជាច្រើន។ វីរកថាបាននិយាយអំពីតារាងផ្សេងៗនៃឈ្មោះអប្សរាសំខាន់ តារាងនិមួយៗមិនសុទ្ធតែដូចគ្នានោះទេ។ ហើយនេះជាតារាងមួយ ដែលបានអធិប្បាយអំពីការលេចឡើងនៃអប្សរានៅចំពោះមុខម្ចាស់ផ្ទះ និងភ្ញៀវ នៅក្នុងរាជវាំងរបស់អាទិទេព៖
"ឃ្ឫតឆីនេះមួយ មេនកនេះមួយ រម្ភនេះមួយ បុរ្វឆិត្តីនេះមួយ ស្វ័យំប្រភនេះមួយ ឧរ្វសីនេះមួយ មិស្រកេសីនេះមួយ ទន្ទគោរីនេះមួយ វរុថិនីនេះមួយ គោបលីនេះមួយ សហជន្យានេះមួយ កុម្ភយោនីនេះមួយ ប្រជគរនេះមួយ ឆិត្រសេនានេះមួយ ឆិត្រលេខានេះមួយ សហនេះមួយ មធុរស្វននេះមួយ ពួកនេះនិងបរិវាររាប់ពាន់នាក់ មានភ្នែកដូចជាស្លឹកឈូក ដែលប្រើសំរាប់សណ្តំបេះដូងអ្នកប្រត្តិបត្តតបៈ រេរាំនៅទីនោះ។ ហើយមានចង្កេះរាវ និងត្រគាកធំ ពួកគេចាប់ផ្តើមចលនាផ្សេងៗ រំញ័រដើមទ្រូងមូលក្តំរបស់ពួកនាង ហើយចោលកន្ទុយភ្នែកមើលទស្សនិកជនគ្រប់គ្នានៅជុំវិញ ហើយកាច់ឫកកាច់រាងដើម្បីល្បួងយកបេះដូង និងសេចក្តីអង់អាចនិងទឹកចិត្តរបស់ទស្សនិកជន"។
ដកស្រង់ពី Wikipedia
No comments:
Post a Comment